ឯកឧត្តម គង់ សោភ័ណ្ឌ ចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩

(ខេត្តកណ្តាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងសម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានចូលរួមនិងនិមន្តជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី២៩ នៅវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្រុកពញាឮ ដោយមានការនិមន្ត និងចូលរួមពី ព្រះមន្ត្រីសង្ឃ ព្រមទាំងមន្ត្រីរាជការជាច្រើនអង្គនាក់។

ព្រះឃោសធម្ម លន់ សុគន្ធា ព្រះអនុគណស្រុកខ្សាច់កណ្ដាល និងជាព្រះចៅអធិការវត្តស្វាយជ្រុំ ព្រះតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះមេគណខេត្តកណ្តាល ព្រះអង្គបានបញ្ជាក់ថា អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩នេះ បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។ និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ-ចិត្ត ដើម្បីនាំមកនូវវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនិងព្រះសង្ឃទូទាំងប្រទេសបានគ្រប់គ្រាន់ និងទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។

ព្រះឃោសធម្ម លន់ សុគន្ធា បានមានសង្ឃដីកាបន្តថា អង្គអនុសំវច្ឆរមហាសន្និបាត បានសម្រេចដាក់ចេញនូវសង្ឃប្រកាសសម្រាប់អនុវត្តក្នុងឆ្នាំខាងមុខ ដែលមានខ្លឹមសារ ដូចខាងក្រោម៖
១-បន្តអនុវត្តខ្លឹមសារសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសកន្លងមក និងលិខិតបទដ្ឋាន គតិយុត្តិនានាដែលនៅជាធរមាន។
២-ជំរុញនិងលើកទឹកចិត្តពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចលនាមហាជនឱ្យចូលរួមបដិបត្តិសមថ-វិបស្សនាកម្មដ្ឋានឱ្យមានបរិមាណច្រើននៅទូទាំងប្រទេស សំដៅអប់រំបញ្ញាឱ្យមានសុខុមាលភាពនិងភាព ឯសុខស្ងប់ផ្នែកផ្លូវចិត្ត។
៣-ពង្រឹងវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត (បឋម មធ្យម ឧត្តម និងក្រោយឧត្តម)។
៤-ពង្រឹងការបដិបត្តិធម៌វិន័យរបស់ភិក្ខុ-សាមណេរក្នុងពុទ្ធសាសនមណ្ឌលកម្ពុជា។
៥-បព្វជិតពុទ្ធសាសនាកម្ពុជាមានសិទ្ធិសេរីភាពក្នុងការសម្ដែងមតិស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្តែមិនត្រូវធ្វើ ឬចូលរួម ដង្ហែជាក្បួនបាតុកម្ម កូដកម្ម កុបកម្ម ក្នុងទីសាធារណៈ ដែលជាហេតុនាំឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ ភេទជាអ្នកបួស ប៉ះពាល់ ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ការសម្តែងធម៌ទេសនាត្រូវធ្វើឡើងតាមក្រឹត្យក្រមធម៌វិន័យរបស់អ្នកបួស មិនត្រូវយកធម៌ទៅសម្តែងបែបកំប្លុកកំប្លែង ប្រាសចាកគោលធម៌ វិន័យ អង្គនៃធម្មកថិក និងវាចារបស់អ្នកបួសឡើយ។
៦-ភិក្ខុ សាមណេរក្នុងពុទ្ធសាសនមណ្ឌលនៃកម្ពុជរដ្ឋ ត្រូវមានក្រឹត្យក្រមសីលធម៌ គុណធម៌ និងគោរពប្រតិបត្តិ ចំពោះគ្រូឧបជ្ឈាយាចារ្យ និងប្រមុខដឹកនាំសង្ឃគ្រប់លំដាប់ថ្នាក់។
៧-គម្ពីរព្រះត្រៃបិដកជាទីប្រជុំចុះនៃពុទ្ធវចនៈ រីឯគម្ពីរអដ្ឋកថា ដីកា និងយោជនា គឺជាសេចក្តីពន្យល់របស់ ព្រះអរហន្តទៅលើខ្លឹមសារព្រះត្រៃបិដក ដូច្នេះគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួង ធម្មការ និងសាសនា បន្តរៀបចំបង្កើតគណៈកម្មាធិការក្រុមជំនុំព្រះត្រៃបិដក ដើម្បីបកប្រែគម្ពីរអដ្ឋកថា ដីកា យោជនាពី បាលីភាសាមកជាខេមរៈភាសា សំដៅឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងការសិក្សាព្រះធម៌វិន័យ ឱ្យបានទូលំទូលាយ ច្បាស់លាស់និងស៊ីជម្រៅបន្ថែមទៀត។

ក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ពិធីអនុសំវច្ឆរ នៅថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញច្បាស់ពីការយកចិត្តដាក់ខ្ពស់បំផុត ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិទាំងមូល។

ឯកឧត្តមអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា តាមស្មារតីអង្គអនុសំវច្ឆរមហាសន្និបាត លើកទី២៩នេះ នឹងបានជាឧត្តមប្រយោជន៍សម្រាប់ជាមគ្គុទ្ទេសដឹកនាំ ឆ្ពោះទៅរកសេចក្ដីថ្លៃថ្នូរជូនជាតិ មាតុភូមិ ប្រជាជន និង ព្រះពុទ្ធសាសនា ដោយឆន្ទៈប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវសង្ឃប្រកាសដែលបានដាក់ចេញ ដោយគណៈសង្ឃ នៃគណៈមហានិកាយ នូវរាល់លិខិតបទដ្ឋានដែលមានស្រាប់ និងអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាបន្តបន្ទាប់ទៀត។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងព្រះសង្ឃគ្រប់វត្តអារ៉ាមទាំងអស់ក្នុងខេត្ត ត្រូវបន្តអនុវត្តតាមវិធានការការពាររបស់សម្តេចតេជោ គឺ៣កុំ និង ៣ការពារ ពីព្រោះបច្ចុប្បន្ននេះពិភពលោកកំពុងតែកើតមានបី វីរុស បំលែងថ្មីមួយទៀត គឺប្រភេទ អូមីក្រុង ដែលវីរុស នេះវាឆ្លង លឿន ជាង វីរុសប្រភេទ ដែលតា (Delta) គួរឱ្យព្រួយបារម្ភ៕