លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីក្រោមឱវាទចុះធ្វើអនាម័យ បរិស្ថាន តាមបណ្តោយច្រាំងទន្លេ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំមន្រ្ដីរាជការ ខណ្ឌ សង្កាត់ និងកម្លាំងប្រជាការពារខណ្ឌដូនពេញ ចុះធ្វើអនាម័យ បរិស្ថាន តាមបណ្ដោយច្រាំងទន្លេ ចាប់ពីមុខផ្សាររាត្រី រហូតដល់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ដោយបានធ្វើការប្រមូលសំរាមតាមសួនច្បារ និងច្រាំងទន្លេ ព្រមទាំងប្រើប្រាស់ម៉ាស៊ីនបាញ់លាងច្រាំងទន្លេ បំបាត់ក្លិនស្អុយឆ្អេះឆ្អាប ដើម្បីសោភ័ណភាពតាមមាត់ទន្លេ។
យុទ្ធនាការខាងលើនេះ ជាការរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋទូទៅដែលបានអញ្ជើញមកលេងកម្សាន្ដសប្បាយតាមទីសាធារណៈ តាមបណ្ដោយមាត់ទន្លេ សួនច្បារនានា ឲ្យចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ចេះយកសំរាមដាក់ចូលធុងសំរាមដែលនៅតាមសួនច្បារសាធារណៈ ជាពិសេសមនុស្សអគតិមួយចំនួនតូច ដែលតែងតែបន្ទោបង់តាមខឿនច្រាំងទន្លេ ដោយខ្វះការពិចារណា គ្មានសិលធម៌ ឲ្យចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការថែរក្សាអនាម័យបរិស្ថាន សំដៅធ្វើឲ្យទីកម្សាន្ដសប្បាយរបស់យើងក្លាយជាតំបន់ទេសចរណ៍ដែលមានបរិស្ថានអនាម័យល្អ និងបរិយាកាសប្រកបដោយផាសុខភាពផងដែរ។
គូសបញ្ជាក់ផងដែរថា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់កម្លាំងប្រជាការពារខណ្ឌ ដើម្បីធ្វើការបាញ់លាងសំអាតតាមបណ្ដោយច្រាំងទន្លេខាងលើ ជាប្រចាំ មួយថ្ងៃ ២ដង គឺពេលព្រឹក និងរសៀល ដើម្បីរក្សាបាននូវបរិស្ថានអនាម័យល្អប្រសើរ ជាពិសេសបំបាត់ក្លិនស្អុយឆ្អេះឆ្អាបដែលបណ្ដាលមកពីការបន្ទោបង់គ្មានសណ្ដាប់ធ្នាប់ និងការបោះចោលសំរាមតាមច្រាំងទន្លេផងដែរ៕