ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន និងទប់ស្កាត់បទល្មើស

(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការចង្អុលបញ្ហាញរបស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពង្រឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន និងទប់ស្កាត់បទល្មើសខុសច្បាប់នៃច្រកព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីលោក ប្រធានសាខាគយ និងរដ្ឋាករខេត្ត ស្នងការរងទទួលបន្ទុកផែនសន្តិសុខ ប្រធានមន្ទីរការងារខេត្ត និងលោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ និងអង្គភាពពាក់ព័ន្ធផងដែរ។

ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាលបានណែនាំដល់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងអជ្ញាធរស្រុកត្រូវបន្តការដើរល្បាតតាមបន្ទាត់ព្រំដែន និងបន្តត្រួតពិនិត្យទប់ស្កាត់រាល់ការលួចឆ្លងដែនទៅមក របស់ពលករខ្មែរពីវៀតណាមចូលមកខ្មែរពីខ្មែរទៅវៀតណាម ដើម្បីធានាបានសន្តិសុខ និងសុវត្តិភាព និងទប់ស្កាត់ការប្រើប្រាស់ឬការជួញដូរគ្រឿងញៀនខុសច្បាប់ពីវៀតណាមទៅកម្ពុជា និងការជួញដូរមនុស្សខុសច្បាប់នៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា វៀតណាម ផងដែរ។