ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងនៅស្រុកកោះធំ

(ខេត្តកណ្តាល)៖ នាព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង និងនាយករដ្ឋបាល នៃរដ្ឋបាលស្រុកកោះធំ ខេត្តកណ្ដាល នៅសាលប្រជុំសាលាស្រុកកោះធំ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញដល់ អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុក ដែលទើបតែងតាំងថ្មី ត្រូវធ្វើជាគំរូល្អ ដោយត្រូវភាពស្មោះត្រង់ មានការទទួលខុសត្រូវ ខិតខំបម្រើ ការពារ មន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមពីនេះ ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំ ដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។

ឯកឧត្តមអភិបាលខេត្តកណ្តាល បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ក្រោមមូលបទ÷ អាស៊ាន រួមគ្នាធ្វើ និងដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ប្រកបទៅដោយភាពជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងបានលើកកិត្តិយស និងកិត្យានុភាពប្រទេសជាតិ លើឆាកអន្តរជាតិ និងនៅក្នុងតំបន់។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកកោះធំ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបាន កំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ដោយបានជំរុញការអភិវឌ្ឍស្រុក ឱ្យសម្រេចបានសមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ៕