វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តន៍កម្មវិធីឧបត្ថមសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា

(ខេត្តកណ្តាល)៖ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តន៍កម្មវិធីឧបត្ថមសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បានបង្ហាញពីការយកចិត្ទទុកដាក់ ក្នុងការបង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីប្រតិបត្តិកម្មវិធីផ្ទាល់ ដើម្បីត្រៀមលក្ខណៈយ៉ាងសកម្ម ក្នុងការអនុវត្តនូវកម្មវិធីថ្មីនេះ ឱ្យទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ឆ្លើយតបទៅនឹងសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប្រាក់ សារ៉ាត់ បានជំរុញដល់ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលមានវត្តមានក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ត្រូវលើកឡើងជាសំណួរទៅកាន់វាគ្មិនក្នុងករណីដែលមិនច្បាស់លាស់លើចំណុចណាមួយ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ ដែលធ្វើឱ្យការអនុវត្តកម្មវិធីកាន់តែមានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលល្អ។ ឯកឧត្តមក៏បានស្នើដល់មន្ទីរពាក់ព័ន្ធ ត្រូវបន្តការតាមដាន ត្រួតពិនិត្យ ដើម្បីពង្រឹងការអនុវត្តមុខងារ តួនាទី ភារកិច្ច ឱ្យកាន់តែមានតម្លាភាពគណនេយ្យ និងសុក្រឹត្យភាព ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ទាំងលក្ខណៈបច្ចេកទេស និងនយោបាយ ពិសេសការគ្រប់គ្រងករណីមួយដ៏សមស្រប និងមានភាពបទបែន លើគ្រប់ទិដ្ឋភាពសង្គម។

លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះបានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍គាំពារសង្គម តាមរយៈការដាក់ចេញនូវកម្មវិធីជំនួយសង្គមចំនួន ២បន្ថែមទៀតគឺ៖ កម្មវិធីទី១៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីទី២៖ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយ រងហានិភ័យដែលរងផលប៉ះពាល់ដោយទឹកជំនន ដែលយើងកំពុងរៀបចំបណ្តុះបណ្តាលនាពេលនេះ រហូតមកដល់ពេលនេះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិតជាត្រូវបានទទួលស្គាល់ជាយន្តការអន្តរាគមន៍មួយដ៏មានប្រសិទ្ធភាពខ្ពស់ស្របតាមតម្រូវការ និងស្ថានភាពជាក់ស្តែងក្នុងសង្គម។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រីអភិបាលនៃគណៈអភិបាលស្រុក ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមន្ត្រីកាន់កម្មវិធីឃុំសង្កាត់ ដែលបាន អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្ដាលនាពេលនេះ ទាំងនេះបានបង្ហាញពីការខិតខំយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តកម្មវិធីនានាដែលរាជរដ្ឋាភិបាលបានដាក់ជូន ជាពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះដោយហានិភ័យផ្សេងៗ។