ឯកឧត្តម ប្រាក់ សារ៉ាត់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងពីររូបនៃស្រុកកណ្ដាលស្ទឹង

(ខេត្តកណ្ដាល៖ តាមការគ្រោងទុកនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោក ជុំ ភិរុណ និងលោក រៀម ធុល ជាអភិបាលរងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បានឱ្យដឹងថាតាមស្មារតីអនុក្រឹត្យលេខ ១១៩ អនក្រ.បក និងផ្អែកតាមការពិនិត្យ និងវាយតម្លៃលក្ខណ:សម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្ត្រីរាជការនាពេលកន្លងមកនិងយោងលើសំណើរបស់រដ្ឋបាលខេត្តកណ្តាល ក្រសួងមហាផ្ទៃបានសម្រេចតែងតាំងអភិបាលរងស្រុកចំនួន ០២រូប រួមមាន លោក ជុំ ភីរុណ និងលោក រៀម ធុល ឱ្យទទួលមុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង។

ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល បានជំរុញដល់អភិបាលរងស្រុកដែលទើបតែងតាំងថ្មីទាំងពីរ ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល។ បន្ថែមពីនេះអភិបាលរងស្រុកថ្មីទាំងពីរត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។

ឯកឧត្តមអភិបាលរងខេត្តកណ្តាល ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាគណៈអភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកកណ្តាលស្ទឹង ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាង សកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៨របស់ រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ដោយបានជំរុញការអភិវឌ្ឍស្រុកកណ្ដាលស្ទឹង ឲ្យសម្រេច បានសមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ។