ឯកឧត្តម គង់ សោភ័ណ្ឌ ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេនិងពិធីបើកការដ្ឋានសាងសង់ស្ពានព្រែកកុងវ៉ាន់

(ខេត្តកណ្ដាល)៖ នាព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ និងពិធីបើកការដា្ឋនសាងសង់ស្ពានព្រែកកុងវ៉ាន់ និងស្ថាបនាកំណាត់ផ្លូវជាតិ ៧០B ក្រាលកៅស៊ូ DBST និងដាក់លូ សងខាងផ្លូវ ស្ថិតនៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្កកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។

តាងនាមប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្តាល និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដែលបានផ្តល់នូវផ្លូវបេតុងអាមេ និងបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិ ៧០បេ, ក្រាលកៅស៊ូ DBST និងដាក់លូរំដោះទឹកសងខាងផ្លូវ ប្រវែង ២,៧៦០ម៉ែត្រ ដោយកៅស៊ូ DBST ព្រមទាំងការជួសជុលកែលម្អស្ពានព្រែកកុងវ៉ាន់ ប្រវែង ៩៧ ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាឱកាសដ៏ថ្លៃថ្លានេះ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ សូមបានប្រកបនូវសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងវិបុលភាព ដើម្បីបន្តបេសកកម្មដ៏ឧត្តុងឧត្តម បម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីកចម្រើន ឈានឆ្ពោះទៅរកភាពសំបូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍៕