ខេត្តសៀមរាប ប្តេជ្ញាបញ្ឈប់លែងឱ្យមានការបន្ទោរបង់ពាសវាលក្នុងឆ្នាំ២០២៣

(ខេត្តសៀមរាប)៖ ថ្លែងនៅក្នុងពិធីទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៣ ឆ្នាំ២០២២ និងពិធីប្រកាសទទួលស្គាលជាផ្លូវការ ស្រុកស្រីស្នំ ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាពាសកាល នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានប្តេជ្ញាថា នឹងបញ្ឈប់លែងឲ្យមានការបន្ទោបង់ពាសវាលពាសកាលនៅក្នុងឆ្នាំ២០២៣ ដែលជាផ្នែកមួយនៅក្នុងការលើកកម្ពស់វិស័យអានាម័យបរិស្ថានរបស់ខេត្តទេសចរណ៍មួយនេះ។

លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា ការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលនេះ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការចិត្តទុកដាក់លើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្ររនៅក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។ លោកបន្ដថា បរិស្ថាន អនាម័យ ជាកត្ដាសំខាន់បំផុតសម្រាប់សុខភាពមនុស្សជាតិ ជាពិសេសលើកស្ទួយលើវិស័យទេសចរណ៍។ ជាមួយគ្នានោះ ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាង សំខាន់ដែលរដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពោលគឺធ្វើយ៉ាងណាអោយការផ្គត់ផ្គង់សេវាផ្នែកនេះ បានទៅដល់ដៃប្រជាពលរដ្ឋ ដែលជាការសម្រេចអោយបាននូវទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០២៣ អត្រាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សម្រេចអោយបាន៩០% និងទស្សនៈវិស័យនៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុង បរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។

លោកអភិបាលរងខេត្ដសៀមរាប មានប្រសាសន៍បន្តថា ប្រៀបធៀបកាលពី ១០ឆ្នាំមុន គឺនៅឆ្នាំ២០១២ ខេត្តសៀមរាប អត្រាគ្របដណ្តប់ផ្នែកអនាម័យមានក្នុងកម្រិត ២៧.៥០% និងអត្រាគ្របដណ្តប់ផ្នែកទឹកស្អាត មានកម្រិត ៣៣.១០% ហើយក្នុងនោះដែរខេត្តសៀមរាប ពុំមានភូមិឃុំ ឬស្រុកណាមួយក្នុងខេត្ត ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទេ។ ប៉ុន្តែនៅឆ្នាំ២០២២ អត្រាគ្របដណ្តប់អនាម័យមាន ៨២.៩០% និងអត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាតមាន ៧៦%។ ជាមួយគ្នានោះស្រុកដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នៅខេត្ដសៀមរាបមានចំនួន២ ដោយក្នុងនោះស្រុកស្រីស្នំ និងស្រុកអង្គរជុំ។

លោកបន្ដថា រដ្ឋបាលខេត្តសៀមរាប បានកំណត់យកស្រុកអង្គរធំ ស្រុកបន្ទាយស្រី និងក្រុងសៀមរាប គឺជាក្រុង/ស្រុកគោលដៅ ដែលនឹងត្រូវជម្រុញឲ្យបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល នៅដំណាច់ឆ្នាំ២០២២ ហើយដោយឡែកស្រុកផ្សេងៗទៀតក៏នឹង ត្រូវជម្រុញបន្តដែលយ៉ាងយូរក្នុងឆ្នាំ២០២៣ ត្រូវបញ្ចប់ការងារនេះផងដែរ។
យោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៣ ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងគិតត្រឹមឆ្នាំ២០២២នេះ អត្រាគ្របដណ្តប់អនាម័យរបស់សហគមន៍ជនបទនៅព្រះរាជាណាចក្រកម្ពុជា បានកើនដល់ជាង ៨០% ខណៈអត្រានៃខ្នងផ្ទះជនបទ មានកន្លែងលាងសម្អាតដៃបានកើនឡើងដល់៩៦%។ វឌ្ឍនភាពនៃស្ថានភាពអនាម័យនេះ គឺកើតឡើងដោយសារការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមសហការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងវិស័យអនាម័យ រួមទាំងប្រជាជននៅតាមតំបន់ជនបទ។ ទន្ទឹមនឹងនេះ យើងក៏សម្រេចបាននូវខេត្តចំនួន២ ដែលជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដំបូងគេនៅព្រះរាជាណាចក្រកម្ពុជាគឺ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ហើយមានខេត្តជាបន្តបន្ទាប់ដែលនឹងសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនាពេលឆាប់ៗខាងមុខរួមមាន ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកែប និងខេត្តកំពង់ឆ្នាំង។

ដោយឡែកភូមិចំនួន ៥.២៩៨ឃុំ សង្កាត់ចំនួន ៣៩៣ក្រុង/ស្រុក ខណ្ឌចំនួន៣១ ក៏សម្រេចបានជាភូមិ/ឃុំ/សង្កាត់ និងក្រុង/ស្រុក/ខណ្ឌ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ លទ្ធផលដែលជាទីមោទនៈដែលយើងទទួលបាននេះ ក៏បានឆ្លុះបញ្ចាំងនូវកម្រិតយល់ដឹងរបស់ប្រជាជនពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យនិងវិធីបង្ការរោគ៕