ឯកឧត្តម នូវប៉េង ចន្ទតារា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកកៀនស្វាយ

(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាស្រុកកៀនស្វាយ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ ចំនួន ០២រូប ក្រោមអធិបតីភាព ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គង់់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

លោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានឱ្យដឹងថាតាមស្មារតីអនុក្រឹត្យលេខ ១១៩ អនក្រ.បក និងផ្អែកតាមការពិនិត្យ និងវាយតម្លៃលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្ត្រីរាជការនាពេលកន្លងមក និងយោងលើ សំណើរបស់រដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃបានសម្រេចតែងតាំងអភិបាលរងស្រុកចំនួន ០២រូប រួមមាន ៖ លោក លីវ វណ្ណថេង និងលោក ស៊ុម ធន ឱ្យទទួលមុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ។

ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានជំរុញដល់អភិបាលរងស្រុកថ្មីទាំងពីរ ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល។ បន្ថែមពីនេះអភិបាលរងស្រុកថ្មីទាំងពីរត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។

ឯកឧត្តមអភិបាលរងខេត្តក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាគណៈអភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកកៀនស្វាយ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាង សកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ដោយបានជំរុញការអភិវឌ្ឍស្រុកកៀនស្វាយ ឲ្យសម្រេចបានសមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ៕