សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

(ខេត្តកណ្តាល)៖ លោកស្រី តឹក ស្រី បានឧបត្ថម្ភ អង្ករ ចំនួន ២០តោន និង លោក អ៊ុក សុពិសិដ្ឋ ព្រមទាំង ភរិយា បានឧបត្ថម្ភថវិកាចំនួន ១០,០០០ ដុល្លារអាមេរិក (១ម៉ឺនដុល្លារ) ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដេីម្បីយកទៅប្រេីប្រាស់ក្នុងសកម្មភាពមនុស្សធម៍ ជួយដល់ ប្រជាពលរដ្ឋ ងាយរងគ្រោះ និង រងគ្រោះ ដោយ មហន្ដរាយ ផ្សេងៗ។

ថ្លែងនៅក្នុងពិធីទទួលអំណោយ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងសហការី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់លោកស្រី តឹក ស្រី និង លោក អ៊ុក សុពិសិដ្ឋ ព្រមទាំង ភរិយា ដែលបាននាំយកអង្ករ និងថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងឱកាសនេះ។ ឯកឧត្ដមបានបញ្ចាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឱ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។

ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសន្យាថា នឹងនាំយកអំណោយទាំងអស់នេះ ជូនដល់ដៃប្រជាពលរដ្ឋ ដើម្បីជួយសម្រាលការលំបាកជូនបងប្អូនជាជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយ៍ផ្សេងៗនៅគ្រប់ទីកន្លែង គ្រប់សហគមន៍ នៅក្នុងខេត្តកណ្ដាល អោយបានទាន់ពេលវេលា ដោយគ្មានការរើសអើងចំពោះជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ សាខាកាកបាទក្រហមកម្ពុជាខេត្តនឹងប្រើប្រាស់នូវសម្ភារៈ និងថវិកាដែលបានទទួលនៅពេលនេះឱ្យចំគោលដៅ។

នាឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បាន អំពាវនាវ ដល់ លោក ឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និង បងប្អូន សប្បុរសជន ទាំងអស់ សូមបន្ត ជួយឧបត្ថម្ភ គាំទ្រ សាខា កាកបាទក្រហម កម្ពុជា ខេត្តកណ្ដាលបន្តទៀត ដើម្បី សាខា មាន ធនធាន ថវិកា សម្ភារៈ យកមក ធ្វើការ ចែកជូន ដល់ ប្រជា ពល រដ្ឋ រងគ្រោះ ដោយ គ្រោះធម្មជាតិ ឬ គ្រោះ មហន្តរាយ នានា បាន ទាន់ពេលវេលា។