
ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា ចូលរួមអបអរសាទរខួបលើកទី១១២ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨ មីនា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ស្ថិតក្រោមមូល បទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសូមឧទ្ទិសឱ្យខ្លឹមសារនៃមូលបទថ្ងៃនេះ ក្លាយជាវត្ថុស័ក្តិសិទ្ធិ ជ្រាបចូលដល់អារម្មណ៍បុរសគ្រប់រូប និងសូមឱ្យការរើសអើងគ្រប់រូបភាពមកលើស្រ្តី បានសាបរលាបពីចិត្ត រាងកាយនៃទុទិដ្ឋិជនទាំងឡាយជារៀងរហូតតទៅ និងសូមឱ្យបុរសគ្រប់រូបមានជំនឿជឿជាក់ថា“ ការជួយស្រ្តីគឺជួយខ្លួនឯង ភាពរីកចម្រើនរបស់ស្រ្តី គឺជាភាពរីកចម្រើនរបស់សង្គមជាតិយើងទាំងមូល”។ ជាមួយគ្នានេះដែរ ឯកឧត្តម បានធ្វើការផ្តាំផ្ញើដោយគ្រប់ការងារទាំងអស់ត្រូវធ្វើការវាយតម្លៃស្មើគ្នារវាងបុរសនិងស្រ្តី ហើយក្នុងយុគសម័យឌីជីថលនេះ ត្រូវជួយស្ត្រី សម្រាលបន្ទុកស្ត្រី និងលើកទឹកចិត្តជំរុញឱ្យស្ត្រីក្លាយជាអ្នកដឹកនាំ។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករលឹកដ៏ជ្រាលជ្រៅពីសម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចគតិព្រឹទ្ធបណ្ឌិត ជូនចំពោះ បងប្អូន នារី ជាមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកំពុងប្រារព្ធ ខួបលើកទី១១២ នៃទិវា អន្តរជាតិ នារី៨ មីនា ដ៏ថ្លៃថ្លានេះ។
សូមជម្រាបជូនផងដែរ រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតលើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសលើការបង្កើនការចូលរួមរបស់ស្រ្តីក្នុងធ្វើទីផ្សារកសិកម្មតាមប្រព័ន្ធឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព ការ អប់ រំ ចំណេះដឹងនិងជំនាញផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យាផ្សេងៗជាដើម។
នេះគឺជាដំណាក់កាលដែលយើងត្រូវរួមគ្នាលើកកម្ពស់ ជំរុញការអនុវត្តគោលនយោបាយ ពង្រឹងសមធម៌ និងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលនៅតែចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងការបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្ម ក្នុងការធានាបាននូវសុខសន្តិភាព សន្តិសុខស្បៀង និងពន្លឿនល្បឿនកិច្ចអភិវឌ្ឍជាតិ ពិសេសយុគសម័យឌីជីថល និងកសាងមូលដ្ឋានឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០៕