
មុខរបរជួយលក់គ្រឿងញៀនឱ្យគេ ! នគរបាលស្រុកកោះធំសហការជាមួយប៉ុស្តិ៍ព្រែកថ្មីបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនម្នាក់
(ខេត្តកណ្តាល)៖ នៅនៅវេលាម៉ោ ២១:២០នាទី ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលស្រុកកោះធំសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មីបង្ក្រាបករណីគ្រឿងញៀននៅផ្លូវបេតុង ភូមិកំពង់សំបួរលេី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ នូ គីមសួ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិកំពង់សំបួរលេី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
-បានធ្វើតេស្ដទឹកនោមរួច៖ លទ្ធផលអវិជ្ជមាន(-)។
វត្ថុតាងចាប់យក៖
១-ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ម៉ាទឹកកក (Ice) ចំនួន១១កញ្ចប់តូច។
២-ម៉ូតូចំនួន ០១គ្រឿង ម៉ាក M Slaz ពាក់ស្លាកលេខ ភ្នំពេញ 1HK-9193។
៣-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ស។
តាមសមត្ថកិច្ចឱ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលព្រែកថ្មី បានចល័តល្បាតក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង។ ពេលទៅដល់ចំណុចលើផ្លូវបេតុង ភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ក៏បានជួបជនសង្ស័យ ០១នាក់ឈ្មោះ នូ គីមសួ កំពុងតែអង្គុយលើម៉ូតូ ដោយមានការសង្ស័យ កម្លាំងនគរបាលបានឃាត់ត្រួតពិនិត្យរកឃើញមាន ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកក (Ice) ១១កញ្ចប់តូច នៅក្នុងហោប៉ៅខោខាងឆ្វេងរបស់ជនសង្ស័យ។ ភ្លាមនោះសមត្ថកិច្ចនគរបាល បាននាំខ្លួនជនសង្ស័យ រួមនិងវត្ថុតាងថ្នាំញៀន និងមធ្យោបាយធ្វើដំណើរ មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ចាត់ការបន្តតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ នូ គីមសួ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ១១កញ្ចប់តូចនេះ គឺពិតជារបស់ខ្លួនពិតប្រាកដមែន ដោយរូបគេបានទទួលកាន់ថ្នាំញៀននោះពីឈ្មោះ ញ៉ឹប ស៊ីដែន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ដើម្បីយកទៅលក់បន្តអោយគេ ជាថ្នូរនៃការបានប្រាក់ចន្លោះពី ៤ម៉ឺន ទៅ ៥ម៉ឺនរៀល ទុកចាយវាយ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងថ្នាំញៀន ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដេីម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕