ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមបើកបវេសនកាលឆ្នាំទី១ ឆ្នាំ២០២២-២០២៣ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមបើកបវេសនកាលឆ្នាំទី១ ឆ្នាំសិក្សា២០២២-២០២៣ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម(RUA)។

ក្នុងពិធីបើកបវេសនកាលនេះ ឯកឧត្តមរដ្ឋមន្ត្រី សម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកឡើងអំពីភាពសំខាន់នៃទស្សនវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ដោយបានធ្វើការផ្តាំផ្ញើដល់ប្អូនៗនិស្សិតចាំបាច់ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ដឹងចំណង់ចំណូលចិត្ត មានក្ដីស្រមៃ និងកំណត់គោលដៅខ្លួនឯងច្បាស់លាស់ ដែលជាត្រីវិស័យនាំផ្លូវដើរទៅរកភាពជោគជ័យ ដោយមិនបាក់ទឹកចិត្ត។ ទន្ទឹមនឹងនោះត្រូវតាមដានផែនការ បង្កើតទម្លាប់ ដោយដាក់ចិត្តរៀនដើម្បីចេះទាំងចំណេះដឹងក្នុងនិងក្រៅសាលា ចេះឱ្យប្រាកដ ធ្វើឱ្យចេញជាលទ្ធផល និងឱ្យល្អបំផុត ហើយលើសពីនេះទៀត ត្រូវពង្រឹងសមត្ថភាពបច្ចេកវិទ្យា ពិសេសភាសាផ្សារភ្ជាប់នឹងពិភពលោក ក្នុងការពង្រីកការយល់ដឹងឱ្យកាន់តែទូលំទូលាយ ដើម្បីឈានទៅរកការសម្រេចក្ដីស្រមៃជាអ្នកជំនាញកសិកម្ម និងទទួលបានឱកាសការងារក្នុងវិស័យរដ្ឋ ឯកជន និងអាចជាវិនិយោគិនក្នុងវិស័យកសិកម្ម។

នាឱកាសនៃការបើកបវេសនកាលថ្មី ក៏ដូចជាការបើកសម្ពោធមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មជ្ឈមណ្ឌលការងារនេះ ជ្រើសរើសសំរ៉ាំងនិស្សិតដែលមានសក្តានុពល មានសមត្ថភាពពិតប្រាកដ ទាំងចំណេះដឹងនិងចំណេះធ្វើ ក្នុងការចាប់យកឱកាសការងារជាមួយក្រុមហ៊ុនឯកជនធំៗ និងជាការកសាងកេរ្តិ៍ឈ្មោះ បង្កើតទំនុកចិត្តចំពោះសាលាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព។

ឯកឧត្តមរដ្ឋមន្ដ្រីបានផ្ដល់អនុសាសន៍ដល់សាលាឱ្យធ្វើការបន្ថែមទៀត ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សា និងជំរុញឱ្យមានកម្មវិធីផ្សារភ្ជាប់ក្រុមហ៊ុននិងសាកលវិទ្យាល័យ ដើម្បីតម្រង់ទិសនិស្សិតឱ្យត្រូវនឹងតម្រូវការរបស់ក្រុមហ៊ុននិងដំណើរការធនធានមនុស្សរបស់ក្រុមហ៊ុន។ ដើម្បីចូលរួមបន្ថែមក្នុងការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តម បានផ្តល់អាហារូបករណ៍សម្រាប់និស្សិតចំនួន ១៩នាក់។

សូមជម្រាបជូនថា នេះជាលើកទី២ ដែលឯកឧត្តមរដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាភូមិន្ទកសិកម្ម។ ក្នុងឆ្នាំសិក្សាថ្មីនេះ សាកលវិទ្យាល័យមាននិស្សិតចំនួន ១.០៤៧នាក់ក្នុងនោះស្ត្រីមានចំនួន៤២១នាក់ស្មើនឹង៤០%។ RUA បានអភិវឌ្ឍកម្មវិធីសិក្សាកាន់តែប្រសើរ មានមុខវិជ្ជាច្រើនជាងមុន វិធីសាស្ដ្របង្រៀនថ្មីៗ គឺចាប់ផ្តើមពីមហាវិទ្យាល័យជលផល និងកសិឧស្សាហកម្ម ដោយផ្តោតលើការអនុវត្តផ្ទាល់ និងការចូលរួមពីនិស្សិតដូចជាការភ្ញាស់កូនត្រី ការធ្វើចំណី ការចិញ្ចឹមត្រីការរៀបចំបែរឬស្រះ និងការធ្វើទីផ្សារ ដើម្បីធានាគុណភាពបណ្តុះបណ្តាល និងសមត្ថភាពប្រកួតប្រជែងរបស់និស្សិតក្នុងទីផ្សារការងារក្រោយពេលបញ្ចប់ការសិក្សា។

ជាមួយគ្នានេះដែរ សាលាក៏បានដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលការងារ ដែលនឹងផ្តល់ព័ត៌មាន ជួយតម្រង់ទិស និងដើរតួនាទីជាស្ពានតភ្ជាប់រវាងនិស្សិតដែលជិតបញ្ចប់ឬទើបបញ្ចប់ការសិក្សាជាមួយនឹងទីផ្សារការងារ៕