
លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំជាមួយលោក ,លោកស្រី ស្នងការរង
(ខេត្តព្រៃវែង)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៣:៣០នាទី នៅសាលប្រជុំតូចនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
ក្នុងកិច្ចប្រជុំ លោក លោកស្រី ស្នងការរងទាំងអស់បានលើកឡើងពីបញ្ហាប្រឈមពេលអនុវត្តការងារកន្លងមក និងលើកពីសំណូមពរជូនដល់ លោកស្នងការ។
ដោយឡែកលោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់ផែន ចាប់ផ្តើមធ្វើបច្ចុប្បន្នភាព រាយការណ៍លម្អិត អំពីរចនាសម្ព័ន្ធ និងធ្វើបញ្ជីវត្តមាន តាមការិយាល័យ ហើយធ្វើរបាយការណ៍មកកាន់លោកស្នងការផ្ទាល់។
ក្រៅពីនេះទៅទៀតលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានលើកឡើងពីកងកម្លាំងអន្តរាគមន៍ដែលត្រៀមបង្កើតថ្មី គឺជាកម្លាំងដែលនឹងជួយគ្រប់ផ្នែកទាំងអស់នៅក្នុងស្នងការដ្ឋាន ដូច្នេះកម្លាំងអន្តរាគមន៍ត្រូវចេះគ្រប់ជំនាញទាំងអស់ បើកម្លាំងខ្វះជំនាញ លោកក៏នឹងអញ្ជើញគ្រូបង្គោលមកបណ្តុះបណ្ដាលដល់ស្នងការដ្ឋានតែម្ដង។
ចុងបញ្ចប់លោកឧត្តមសរនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានលើកទឹកចិត្ត ណែនាំ លោក-លោកស្រី ស្នងការរង ទាំងអស់ត្រូវមានភាពសាមគ្គីភាព និងសហការគ្នាឱ្យបានល្អ រវាងមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ ក្នុងស្នងការដ្ឋាន៕