ឆ្លងចរន្តអគ្គិភ័យឆាបឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តជាប់ផ្លូវឧកញ៉ា ម៉ុងឫទ្ធី ឆេះអស់ទាំងស្រុង

(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ឱ្យដឹងថាមានអគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែងជាប់ផ្លូវឧកញ៉ាម៉ុង ឫទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្ដាលឱ្យឆេះអស់ទាំងស្រុង ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដែលម្ចាស់ទីតាំងឈ្មោះ គីម ហួត ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងបន្លាស់រថយន្ត។

តាមសេចក្តីរាយការណ៍បន្តថាទីតាំងនេះគឺជាប្រភេទសំណង់ថ្មបេតុងប្រកស័ង្កសី មានទំហំ១៦ម៉ែត្រ×២០ម៉ែត្រ ជាឃ្លាំងនិងបានឆាបឆេះរាលដាលដល់រថយន្ត Camery ម៉ាកបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AE-5389 រួមទាំងឆេះគ្រឿងបន្លាស់រថយន្ត និងប្រេងម៉ាស៊ីនអស់ទាំងស្រុង តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ហេីយក៏មិនបង្កឱ្យមនុស្សរងរបួសនោះដែរ ចំពោះមូលហេតុគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

ចុងបញ្ចប់សេចក្តីរាយការណ៍បញ្ជាក់ថាក្នុងប្រតិបត្តិការបង្ការ សង្គ្រោះអគ្គិភ័យនេះ មានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ២៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៦០ឡាន និងរថយន្តជំនួយអន្តរាគមន៍ពន្លត់រួមមាន រថយន្តក្រុមហ៊ុន OCIC ទីក្រុងរកោះពេជ្រ ចំនួន៤គ្រឿង រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៥គ្រឿង រថយន្តកងពលតូចលេខ៧០ ចំនួន៣គ្រឿង ពន្លត់ចប់នៅម៉ោង ១០:១០ព្រឹក នៅថ្ងៃខែឆ្នាំដដែល៕