ព័ត៌មានជាតិ

លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ ចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩

(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ូ ឈាង អភិបាល នៃគណ:អភិបាលស្រុកកៀនស្វាយ រួមជាមួយ លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក មេបញ្ជការកងកម្លាំងទាំងបី រួមជាមួយប្រធានការិយាល័យសុខភិបាលស្រុក និងប្រធានការិយាល័យចំណុះរចនាសម្ព័ននៃរដ្ឋបាលស្រុក បានចុះសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ មណ្ឌលវិទ្យាល័យជ័យវរ្ម័នទី៧ ឃុំដីឥដ្ឋ ។
មានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខ លោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ សុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងសម្រាកព្យាបាលនៅទីនេះ សូមឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព និងរក្សាអនាម័យឱ្យបានល្អ កុំមានការព្រួយបារម្ម ឬបាក់ទឹកចិត្ត ដើម្បីឆាប់ជាសះស្បើយពីជំងឺនេះ។ ហើយក្នុងករណីមានអាការៈមិនស្រួលត្រូវប្រញាប់ប្រាប់មកក្រុមគ្រូពេទ្យដែលនៅប្រចាំការ ចាំជួយដល់បងប្អូនជានិច្ច។
ក្នុងនោះលោកអភិបាស្រុកកៀនស្វាយ បានឧបត្ថម្ភថ្នាំឱសថបុរាណចិន លៀនហ័រ គីងវិន(Lianhua Qingwen) ១៨០ប្រអប់ នំប៉ាវ ២០០នំ សាប៊ូលាងដៃ ចំនួន ២១៦ដប ម៉ាស់ ២៥០០ម៉ាស់ សម្រាប់ចាត់ចែង និងប្រើប្រាស់នៅក្នុងមណ្ឌល និងបានឧបត្ថម្ភថវិកាដល់ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលព្យាបាល ចំនួន ២លានរៀល៕

Leave a Reply

Your email address will not be published. Required fields are marked *