រថយន្តធុនធំម៉ាក Daewoo បុក រថយន្ត Hyundai នៅស្រុកភ្នំស្រួច បណ្តាលឲ្យរងរបួសមនុស្សធ្ងន់ស្រាលចំនួន ០២នាក់

(ខេត្តកំពង់ស្ពឺ)៖​ នៅវេលាម៉ោង ២២:៣៥នាទី ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩~១០០ ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកេីតឡេីងបណ្តាលឲ្យមនុស្សចំនួន ០២នាក់​ រងរបួសមនុស្សធ្ងន់ស្រាល។
តាមសមត្ថកិច្ច​បានឲ្យដឹងថា​ មុនពេលកេីតហេតុមានរថយន្ត ០១គ្រឿងម៉ាក Daewoo ពណ៌ទឹកប្រាក់ ខៀវលាយស ពាក់ផ្លាកលេខភ្នំពេញ3E-6189 សណ្ដោងស៊ឺមីរឺម៉ក ពាក់ផ្លាកលេខភ្នំពេញ 4A-9019 អ្នកបើកបរ មិនស្គាល់ឈ្មោះនិងអត្តសញ្ញាណ(ចុះរត់គេចខ្លួន)បើកបរពីទិសខាងលិច ទៅទិសខាងកើត លុះបើកមកដល់ចំណុចខាងលើបានទៅបុកគូទ រថយន្ត ០១គ្រឿងម៉ាក Hyundai ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ 3A-9312 អ្នកបើកឈ្មោះ សែត ចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ(របួសធ្ងន់)រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួមដំណើរជាមួយឈ្មោះ អឿន សាន ភេទប្រុស អាយុ ២៨ឆ្នាំ(របួសស្រាល) រស់នៅភូមិត្រពាំងឆ្កួន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នា។
តាមសមត្ថកិច្ចបានបញ្ជាក់ថាករណីនេះបណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និង ខូចខាតសម្ភារដូចខាងក្រោម៖
១•របួសធ្ងន់មនុស្ស ចំនួន ០១នាក់ ប្រុស
២•របួសស្រាល មនុស្សចំនួន ០១នាក់ ប្រុស
៣•ខូចខាតរថយន្ត ចំនួន ០២គ្រឿង ធ្ងន់។
ចំពោះវត្ថុតាងទាំងពីរ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីដោះស្រាយតាមនីតិវិធី៕