សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ

(ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ៖ ចាប់ផ្តើម នៅត្រង់គីឡូម៉ែត្រ លេខ ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្ត លេខ ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
តួស្ពានសុទ្ធសាធ មានប្រវែង ១.១៣១ ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ក្រាល បេតុង កៅស៊ូ កម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្ត ចំនួន២គន្លង ផ្លូវម៉ូតូ ចំនួន២គន្លង ផ្លូវថ្មើរជើង ចំនួន២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាង ស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំង ស្ពាន និងផ្លូវ តភ្ជាប់ មានប្រវែងសរុប ៩.៤៥៤ ម៉ែត្រ បានបើកការដ្ឋានកាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ នាយករដ្ឋមន្រ្តី ដោយត្រូវប្រើប្រាស់រយៈពេលសាងសង់ ចំនួន៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុន ទីប្រឹក្សា បច្ចេកទេសក្វាង ចូវ វ៉ានអាន ចំណាយថវិកាអស់ ៥៦,៩៩៨ លានដុល្លារអាមេរិក។
សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបានរបស់ រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ ទូទៅ និងយូរអង្វែង ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាដែលជាអគ្គមគ្គុទេសន៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំយកសន្តិភាពមកជូនជាតិមាតុភូមិកម្ពុជា៕