ខឹងខូច ខឹងខាត ប្តីប្រពន្ធឈ្លោះប្រកែកគ្នាដុតចង្ក្រានឆេះរាលដាលដល់ផ្ទះអ្នកជិតខាង

(ភ្នំពេញ)៖ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង​ ២៣និង១០នាទីយប់​ ថ្ងៃទី ២៣​ ខែវិឆ្ឆិកា​ ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញអស់ផ្ទះចំនួន​ ១ខ្នង​ និងបានឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋក្បែរខាងអស់ទាំងស្រុង​ និងបំផ្លាញសម្ភារៈប្រេីប្រាស់អស់ទាំងស្រុងផងដែរ។
តាមលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា​ ម្ចាស់ទីតាំងឈ្មោះ​ សូទ្វ​ ពិសិទ្ធ ភេទប្រុស​ អាយុ​ ២៧ឆ្នាំ​(អ្នកបង្ក)​មុខរបរ​ យោធា​ និងម្ចាស់បន្ទប់ឈ្មោះ​ សួស​ គឹមសាន​ ភេទស្រី​ អាយុ​ ៦៦ឆ្នាំ មុខរបរ​ គ្រូបង្រៀនចូលនិវត្តន៍​ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពី​ ប្តីប្រពន្ធ​ឈ្លោះប្រកែកគ្នាដុតចង្ក្រានហេីយរាលដាលបង្ករជាអគ្គិភ័យ​។
ក្នុងហេតុការណ៍អគ្គីភ័យនេះ បណ្តាលឲ្យឆាបឆេះថ្មក្រោមឈេីលេីទំហំ​(៥ម៉ែត្រ​x​១៥ម៉ែត្រ​)​អស់ទាំងស្រុង​ ចំណែកសម្ភារៈប្រេីប្រាស់ក៌បំផ្លាញអស់ដែរ និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ទាំងស្រុង​ទំហំ​(៧ម៉ែត្រ​x១៧ម៉ែត្រ)។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៦គ្រឿង ប្រើប្រាស់ទឹកអស់​ ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប​ និងរថយន្តពន្លត់អគ្គិភ័យជំនួយមកពីក្រុមហ៊ុន​ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ២៣និង៥៥នាទីយប់នាថ្ងៃដដែរ៕