ឯកឧត្តម គង់ សោភ័ណ្ឌ ,ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ចូលរួមបញ្ចុះបឋមសិលាសង់មន្ទីរពេទ្យតេជោសែនកោះធំស្តង់ដារខ្ពស់

(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មន្ទីរពេទ្យតេជោសែន កោះធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
នេះជាសមិទ្ធិផលដ៏ធំធេងមួយទៀតបានផុសឡើងលើទឹកដីស្រុកកោះធំ ក្នុងចំណោមសមិទ្ធិផលនានាជាច្រើនទៀត ដែលកើតឡើងក្រោមស្នាដៃដឹកនាំប្រកបដោយគតិបណ្ឌិត ក្រោមម្លប់សន្តិភាព របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសន៍ឯក និងជាស្ថាបនិកសន្តិភាព ពោរពេញដោយភាពឈ្លាសវៃបំផុត។
មន្ទីរពេទ្យតេជោសែនកោះធំ បានផ្តួចផ្តើមសាងសង់ឡើងក្រោមការឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមឧបត្ថម្ភគាំទ្រពីសប្បុរសជននានា ព្រមទាំងទទួលបានការគាំទ្រ បណ្តុះបណ្តាលបច្ចេកទេសផ្ទាល់ពី មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
មន្ទីរពេទ្យតេជោសែនកោះធំ សាងសង់ឡើងលើផ្ទៃដីទំហំ ១,៤៧ហ.ត មានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះធំ តាមបណ្តោយផ្លូវជាតិលេខ២១ អាគារមានទំហំសរុប ១៣,០០០ម៉ែត្រក្រឡា មាន១៥០គ្រែ បំពាក់ដោយឧបករណ៍សម្ភារបរិក្ខារបច្ចេកទេសទំនើបៗ កម្រិតស្តង់ដាថ្នាក់ជាតិ ហើយមន្ទីរពេទ្យនេះនឹងមានតួនាទីសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ឬរាជធានីភ្នំពេញ ដែលឆ្ងាយពីមូលដ្ឋានរបស់ខ្លួន ជាពិសេសនឹងបានបំពេញតម្រូវការសេវាព្យាបាលជំងឺទូទៅ ពិនិត្យសុខភាព កាន់តែខិតជិតប្រជាពលរដ្ឋ ក្នុងស្រុកកោះធំ ស្រុកស្អាង ស្រុកលើកដែក និងស្រុកព្រៃកប្បាស់ ខេត្តតាកែវ៕