ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចូលរួមជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាដើម្បីអបអរខួបលើកទី ៤៣

(ខេត្តកណ្តាល)៖ នារសៀល ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានចូលរួមជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ និងកីឡាប៉េតង់ នៅខេត្តកណ្តាល ដើម្បីអបអរសាទរខួបលើកទី៤៣ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២២ នៅកីឡដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល។
នាឱកាសនោះ ឯកឧត្តម គង់ ដោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមសំដែងនូវមនោសញ្ចេតនាសប្បាយរីករាយជាមួយកីឡាករទាំងអស់ក្នុងកម្មវិធីប្រកួតនេះ ដែលជាឱកាសដ៏វិសេសវិសាលជាប្រវត្តិសាស្រ្តនៃជីវិតរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ព្រោះថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបានអស់មួយជីវិត ហើយក៏ជាប្រវត្តិសាស្រ្តដ៏ជូរចត់ ឈឺចាប់ខ្លោចផ្សា មហាវិនាសកម្មនេះ ឱ្យប្អូនៗ ក្មួយៗ កូនចៅ ជំនាន់ក្រោយ បានស្តាប់ និងផ្សព្វផ្សាយបន្តដើម្បីឱ្យថ្ងៃ ៧ មករាស្ថិតនៅជាអមតៈក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់ៗជំនាន់។
ប្រជាពលរដ្ឋកម្ពុជា ត្រូវចងចាំជានិច្ច នូវគុណូបការដ៏ថ្លៃថ្លា មិនអាចបំភ្លេចបាន របស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ជូនយុទ្ធជន យុទ្ធនារី ដ៏អង់អាច ក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដែលបានរំដោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដោយគណបក្សប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាថ្ងៃ ៧ មករា ១៩៧៩៕