ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមបើកបវេសនកាលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព

(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានចូលរួមជាអធិបតីក្នុងពិធិសំណេះសំណាល បើកបវេសនកាល ជានិមិត្តរូប ថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ថ្ងៃនេះយើងអាចជួបជុំគ្នាឡើងវិញ ដើម្បីប្រារព្វពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ប្រកបដោយបរិកាសសប្បាយរីករាយ ស្ថិតក្នុងគន្លងប្រក្រតីភាពថ្មី នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រោះតែយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា ស្ទើតែទូទាំងប្រទេស ធ្វើឲ្យយើងមានភាពសាំនៅក្នុងសហគមន៍ ជាពិសេសក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងជោគជ័យ។ ភាពជោគជ័យដ៏ធំធេងមហាសាលនេះ គឺជាការខិតខំប្រឹងប្រែង គិតគូយ៉ាងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការទាន់ពេលវេលា ក្នុងការគ្រប់គ្រង ដាក់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនរើសអើង រហូតសម្តេច ប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ព្រមទាំងប្រកាសបើកដំណើរប្រទេសឡើងវិញ។
ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀន ក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតាជាទីស្រឡាញ់ គ្រប់ៗគ្នានៅក្នុង “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ”។
ក្នុងឱកាសដ៏រីករាយនេះ ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២១-២០២២ ទទួលបានលទ្ធផលល្អ សូមលោកគ្រូ អ្នកគ្រូទាំងអស់ បន្តដើរតួជាបុគ្គលនាំមុខជាឳពុកម្តាយទី២, ជាមគ្គុទ្ទេសក៍, ជាអ្នកស្រាវជ្រាវ, ជាទីប្រឹក្សា, និងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្រ្តបង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀនដល់ សិស្សឱ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកលនិងជាអ្នកបន្តវេន សម្រាប់ថ្ងៃអនាគត។
សូមក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ បន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យបាន ខ្ជាប់ខ្ជួននិងចូលរួមឱ្យបានសស្រាក់សម្រាំក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្ត អំពើអបាយមុខផ្សេងៗ។
សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប នាំកូន ចៅ មកចុះឈ្មោះចូលរៀននិងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងជួយបង្រៀនបន្ថែមដល់កូន ដល់ចៅតាមគ្រប់រូបភាព។
សូមអាជ្ញាធរដែនដី សហគមន៍ យកចិត្តទុកដាក់ និងចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីការការពារកុមារពីអំពើហិង្សានិងពលកម្មកុមារគ្រប់ទម្រង់។
សូមគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់បន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី យុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់ នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំនិងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបាន ឈានទៅដល់គ្រប់ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត៕