ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អញ្ជើញសម្ពោធផ្លូវបេតុងអាមេប្រវែង ២០២៥ម៉ែត្រ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ

(ខេត្តកណ្ដាល)៖ ផ្លូវបេតុងអាមេប្រវែង ២០២៥ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅភូមិព្រែកលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្រោមគណៈអធិបតី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ និងលោក ឈៀង សុវណ្ណរតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ស្វាយរលំ ដោយមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋជាង ៥០០នាក់។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងថា ផ្លូវបេតុងនេះ ជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងសង្កាត់ស្វាយរលំ សម្រាប់បំរើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ បានងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព។

ឯកឧត្តមបានមានប្រសាសន៍បន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានចាត់ទុកការកសាងស្ពាន ផ្លូវ ប្រព័ន្ធធារាសាស្រ្ត ការតភ្ជាប់បណ្តាញអគ្គីសនី បណ្តាញទឹកស្អាត ជាដើម គឺជាការងារអទិភាពនៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ហើយទីណាមានការលំបាក ទីនោះមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលតាមរយៈមន្រ្តីរដ្ឋាភិបាល ដែលបំរើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះ។

ឯកឧត្តមបានគូសបញ្ជាក់ថា យើងមានឱកាសកសាង អភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់របស់យើងអោយរីកចំរើនទៅបានដូចសព្វថ្ងៃនេះ គឺដោយគុណបំណាច់នៃកត្តាសុខ សន្តិភាព ស្ថេរភាពនយោបាយ ដែលថ្នាក់ដឹកនាំយើងរកបានដោយលំបាកនាអតីតកាល ដូច្នេះយើងត្រូវរួមគ្នាថែរក្សានូវសុខ សន្តិភាពនេះ ឱ្យបានគង់វង្ស ស្ថិតស្ថេរ បន្តដល់កូនចៅជំនាន់ក្រោយៗរបស់យើងទៀត ដើម្បីបន្តនិរន្តភាពនៃការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិយើងជាបន្តបន្ទាប់ទៀត ។

បន្ថែមពីលើនេះ ឯកឧត្ដមបានប្រកាសផ្តល់ ក្ខោងទ្វារ និងរបងព័ន្ធជុំវិញសាលាបឋមសិក្សាដើមអង្កោល ស្ថិតនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ដែលជាការឆ្លើយតបទៅនឹងសំណូមពររបស់ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

ក្នុងពិធីនេះដែរ ឯកឧត្តមក៏បានស្នើដល់ អជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យល្អបំផុត ដោយបំផុសឱ្យប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ត្រូវពង្រឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវចេះរាយការណ៍ជាបន្ទាន់អំពីករណីចោកម្ម បទល្មើសគ្រឿងញៀន និងបទល្មើសនានាដល់អជ្ញាធរ ដើម្បីអជ្ញាធរចុះអន្តរាគមន៏បានទាន់ពេលវេលា៕