លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់រថយន្តសង្គ្រោះ ១គ្រឿង ដែលជាអំណោយរបស់សប្បុរជន ដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង

(ស្វាយរៀង)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលរថយន្តសង្គ្រោះ ១គ្រឿង ពីលោកវរសេនីយ៍ទោ ហ៊ីង វណ្ណី ស្នងការរង ស្នងការដ្ឋានសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រីមេធាវី សំរិទ្ធ រត្ន័មុន្នី នៅទីស្តីការសក្រសួង នាព្រឹក ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា រថយន្តនេះត្រូវបានប្រគល់ជូន លោក កែរ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀង ដើម្បីប្រើប្រាស់ជាមធ្យោបាយជួយសង្គ្រោះ ជនងរងគ្រោះនៅខេត្តស្វាយរៀង ។ លោកជំទាវបានបន្តទៀតថា តាមរយៈ រថយន្តរថយន្តសង្គ្រោះខាងលើនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ និងចែករំលែកធនធានផ្ទាល់ខ្លួនរបស់ លោកវរសេនីយ៍ទោ ហ៊ីង វណ្ណី សំដៅបង្កលក្ខណៈងាយស្រួលសព្វគ្រប់បែបយ៉ាង ដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគុណភាពការងារ ក្នុងបម្រើសេវាដឹកជញ្ជូនអ្នកជំងឺពីមូលដ្ឋានមកកាន់មន្ទីរពេទ្យ ធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរឲ្យ លោក កែ រដ្ឋា ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ ការពិនិត្យ និងព្យាលបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ នៅគ្រប់មន្ទីរពេទ្យបង្អែក និងគ្រប់មណ្ឌលសុខភាព ក្នុងខេត្តស្វាយរៀង ហើយរថយន្តដែលទើបទទួលបានថ្មីនេះ ត្រូវជួយថែរក្សាឱ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ លោកវរសេនីយ៍ទោ ហ៊ីង វណ្ណី និងលោកស្រីមេធាវី សំរិទ្ធ រត្ន័មុន្នី ដែលបានទឹកចិត្តដ៏ប្រពៃក្នុងការចែករំលែកនូវធនធានផ្ទាល់ខ្លួន ចូលរួមចំណែកក្នុងវិស័យសុខាភិបាល និងសូមអរគុណដល់ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ចាន់ សុវណ្ណឌី និងភរិយា ដែលបានជួយសម្របសម្រួលការងារ ដោយដំណើរកាទៅដោយរលូន៕