លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

(កំពង់ចាម)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង នារសៀលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានរបស់ឯកឧត្តម ខេត្តកំពង់ចាម។

មរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជាការបាត់បង់ដ៏ធំធេងនូវ លោកឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ព្រមទាំងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ពេញមួយជីវិតចូលរួមជាមួយ រាជរដ្ឋាភិបាល និងរដ្ឋសភា ក្នុងបេសកកម្មបម្រើប្រជាជន និងប្រទេសជាតិ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានចូលរួមរំលែក នូវមរណទុក្ខជាមួយក្រុមគ្រួសារនៃសពដោយសេចក្តីសង្វេគបំផុត និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង បានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕