រថយន្តកុងតឺន័រ ក្រឡាប់ផ្ងារជើង ខណៈកំពុងចុះចំណោតដឹកធ្ងន់

(ព្រះសីហនុ)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១៤:៣០នាទី ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បានមួយកើតឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង ក្រឡាប់ផ្ងារជើង បង្កហេតុដោយខ្លួនឯង។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-4796 និង សណ្តោងរុឺម៉ក់កុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 4A-0998 បើកបរក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ បានគេចនិងឧបសគ្គខាងមុខ ដោយមានរថយន្តមួយធុនធំមួយគ្រឿងទៀត កំពុងឆ្លងកាត់ផ្លូវចំណុចផ្លូវបំបែកជាបីកែងរ៉ារថភ្លើង ខណៈពេលដែលកំពុងដឹកទំនិញធ្ងន់ និងចុះចំណោតផង ក៏ជាន់ហ្វ្រាំងគេចមកឆ្វេងដៃ ហើយបណ្តាលឲ្យយោលក្រឡាប់ផ្ងារជើង។ រថយន្តខាងលើនេះ ជាប្រភេទរថយន្តធុនធំសណ្តោងរុឺម៉ក់កុងតឺន័រដឹកអង្កដើម្បីនាំចេញ ហើយក្រៅតែពីខូចខាតរថយន្ត ពុំបណ្តាលឲ្យមានមនុស្សរងរបួសឬប៉ះពាល់អ្នកធ្វើដំណើរក្បែរនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែង សម្រួលចរាចរណ៍ នៅកន្លែងកើតហេតុ រង់ចាំខាងក្រុមហ៊ុនយករថយន្តមកស្ទួចយករថយន្តទៅជួសជុល៕