កុំចេះតែហ៊ាន,ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធឆក់ទូរស័ព្ទ

(ខេត្តកណ្តាល)៖ យ៉ាងហោចណាស់ជនសង្ស័យម្នាក់ត្រូវបានដេញតាមរហូតដល់ឃាត់ខ្លួនបានភ្លាម ឯបក្ខពួកម្នាក់ទៀតក៌ត្រូវបានឃាត់ខ្លួនផងដែរបន្ទាប់ពីគេចខ្លួនពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ហេតុការណ៍នេះបានកើតឡើង
ថ្ងៃអាទិត្យ ១៥កើត ខែពិសខ ឆ្មាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី នៅចំណុចតាមផ្លូវបេតុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ទឹម ឃុនណៃ ភេទស្រី អាយុ ២៦ឆ្នាំ ទីលំនៅភូមិ សង្កាត់កើតហេតុ, មុខរបរ:កម្មករិនីរោងចក្រ។
ជនសង្ស័យ០២នាក់៖
១-ឈ្មោះសុខ សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ខេត្តកណ្តាល
មុខរបរមិនពិតប្រាកដ ជាអ្នកឆក់(ឃាត់ខ្លួន)។
២-ឈ្មោះ កែវ ណាំឈីវ ហៅដារ៉ូ ភេទប្រុស អាយុ ២៤ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាធធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ជាអ្នកបើកម៉ូតូ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១-ទូរសព្ទដៃ១គ្រឿងម៉ាកiphone11Pro mix ពណ៌ ស្លែ (របស់ជនរងគ្រោះ)។
២-កាបូបដៃពណ៌ឈាមជ្រូកចំនួន១(របស់ជនសង្ស័យ)។

តាមសមត្ថកិច្ចឲ្យដឹងថានៅវេលាកេីតហេតុខាងលេីពេលជនរងគ្រោះកំពុងតែជិះម៉ូតូដេីម្បីទៅផ្ទះដល់ត្រង់ចំណុចកែងផ្លូវបេតុងទំនប់ឆ្កែឆ្គួត ស្រាប់តែមានក្រុមជនសង្ស័យ០២នាក់ខាងលើ បានជិះម៉ូតូតាមមកពីក្រោយដល់ទន្ទឹមបានធ្វេីសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះដែលទុកនៅក្នុងហោប៉ៅខោខាងក្រោយ រួចហើយពួកវាបាននាំគ្នាជិះគេចខ្លួន។ ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ ហេីយបានជិះម៉ូតូដេញតាមពីក្រោយរហូតដល់ការ៉ាស់សាំងក្បែរហាង B-gold ផ្លូវ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក៏ស្រាប់តែម៉ូតូរបស់ជនសង្ស័យបានបុកម៉ូតូរ៉ឺម៉កកង់បី បណ្តាលអោយជនសង្ស័យម្នាក់ឈ្មោះ សុខ សារ៉ាត់ ធ្លាក់លើម៉ូតូ ហើយក៏ត្រូវប្រជាពលរដ្ឋនៅក្បែរនោះព្រួតវាយ។ ពេលនោះជួបកម្លាំងរបស់ប៉ុស្តិ៍កំពង់សំណាញ់ និង កម្លាំងរបស់អធិការដ្ឋានក្រុងតាខ្មៅ កំពុងល្បាតតាមផ្លូវ ឃើញបានចុះអត្តរាគមន៏ឃាត់ខខ្លួនបានម្នាក់ រីឯជនសង្ស័យម្នាក់ទៀតបានលើកម៉ូតូជិះរត់គេចខ្លួនបាត់ទៅ។ បន្ទាប់ពីមកសមត្ថកិច្ចបានបានធ្វេីការស្រាវជ្រាវនិងសហការជាមួយអធិការខណ្ឌមានជ័យ ដឹកនាំដោយ វរសេនីយ៍ទោ សោម សុគន្ធ អធិការរងទទួលការងារព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងទំពុន២ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ កែវ ណាំឈីវ ហៅដារ៉ូ នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕