សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់លាក់គ្រឿងញៀនក្នុងមាត់

(ខេត្តកណ្តាល)៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១:១០នាទី នៅចំណុចភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យចំនួន ០២នាក់៖
១-ឈ្មោះ”សៀន ណាក់”ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិព្រែកហូរកើត០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មករសំណង់(ឃាត់ខ្លួន)។
២-ឈ្មោះ ម៉ន សុខមឿន ភេទប្រុសវអាយុ ២៣ឆ្នាំ ស្នាក់នៅភូមិព្រែកហូរកើត០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរជាងដែក(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
១-ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់
២-ម៉ូតូម៉ាកVIVAពណ៏ខ្មៅសេរីឆ្នាំមិនស្គាល់ពាក់ស្លាកលេខឃ៥៤០៩ភ.ព ១ ។

តាមសមត្ថកិច្ចឲ្យដឹងថាមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរបានចេញល្បាតនៅក្នុងភូមិសាស្ត្រភូមិព្រែកហូរលិច។ ពេលមកដល់ចំណុចកើតហេតុខាងលើក៌ប្រទះឃើញជនសង្ស័យចំនួន ០២នាក់ខាងលើកំពុងជិះម៉ូតូឌុបគ្នា ពេលនោះសមត្ថកិច្ចក៌ធ្វើការឃាត់សួរនាំនិងឆែកឆេរនៅលើខ្លួនជនសង្ស័យទាំង០២នាក់បានរកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់។ ឆែកលើខ្លួនឈ្មោះ សៀន ណាក់ រកឃើញថ្នាំញៀនចំនួន០៣កញ្ចប់ ដែលជនសង្ស័យលាក់ទុកនៅក្នុងមាត់ និងឆែកទៅលើខ្លួនឈ្មោះ ម៉ន សុខមឿន បានរកឃើញថ្នាំញៀនចំនួន០២កញ្ចប់ទៀតដែលជនសង្ស័យបានបោះចោលទៅលើដី។ រួចលោកមេប៉ុស្តិ៍ព្រែកហូរ បានរាយការណ៍ជូនលោកអធិការនគរបាលក្រុងតាខ្មៅនាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថាថ្នាំញៀនចំនួន០៥កញ្ចប់ដែលសមត្ថកិច្ចបានឆែករកឃើញនេះពិតជារបស់ខ្លួនដែលបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំភូមិព្រែកហូរលិចក្នុងតម្លៃ៥០០០០៛(ប្រាំម៉ឺនរៀលពិតប្រាកដមែន)។

ជនសង្ស័យត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕