នគរបាលឃាត់ខ្លួនជនសង្ស័យ០២នាក់ឯបក្ខពួកម្នាក់ទៀតរត់រួចពាក់ព័ន្ធករណីកាត់សោរបងផ្ទះផ្លោះចូលឆ្កឹះសោម៉ូតូ

(ខេត្តកណ្តាល)៖ យ៉ាងហោចណាស់ជនសង្ស័យ០២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីកាត់សោរបងផ្ទះផ្លោះចូលឆ្កឹះសោម៉ូតូ ឯបក្ខពួកម្នាក់ទៀតរត់រួច ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១:១០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភាឆ្នាំ២០២២ នៅចំណុចផ្ទះជនរងគ្រោះភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ម៉ៃ និមិត្ត ភេទប្រុស អាយុ ៤២ឆ្នាំ ទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន។
ជនសង្ស័យ០៣នាក់៖
១-ឈ្មោះ មហាម៉ាត់ ហ្វាអុីស ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះ សេក វាសនា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ
ស្នាក់នៅ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ
ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៣-ឈ្មោះ ប៉ោយ ប៉ែត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរមិនពិតប្រាកដ(គេចខ្លួន)។
វត្ថុតាងចាប់យក៖
១-ទូរសព្ទ័ដៃម៉ាកOPPO ពណ៍ខ្មៅចំនួន១គ្រឿង(របស់ជនសង្ស័យ)។
២-ម៉ូតូ១គ្រឿងម៉ាកHONDA VAVE110 ពណ៌ខៀវលាយខ្មៅផ្លាកលេខភ្នំពេញ1DH.1981(របស់ជនសង្ស័យជិះធ្វេីសកម្មភាព)។
៣-កន្ត្រៃកាត់ដែកដងពណ៌បៃតងចំនួន០១ប្រវែង៧៥ស.ម (របស់ជនសង្ស័យ)។
៤-ទួឡឺវីសដងជ័រពណ៌ខ្មៅចំនួន០១(របស់ជនសង្ស័យ)។
៥-មេសោម៉ាក SOLEX ចំនួន០១ភ្ជាប់ជាមួយច្រវ៉ាក់ប្រវែង៥០ស.ម(របស់ជនរងគ្រោះ)។
សម្ភារៈបាត់បង់៖គ្មាន។

តាមសមត្ថកិច្ចបានអោយដឹងថានៅវេលាម៉ោងកេីតហេតុ ពេលជនរងគ្រោះនិងក្រុមគ្រួសារកំពុងដេកលង់លក់នៅក្នុងផ្ទះ ពេលនោះក្រុមជនសង្ស័យបានធ្វេីសកម្មភាពកាត់សោរបងផ្លោះចូលទៅឆ្កឹះសោម៉ូតូរបស់ជនរងគ្រោះតែឆ្កឹះមិនចេញ ភ្លាមនោះជនរងគ្រោះភ្ញាក់ទាន់ ឃេីញជនសង្ស័យក៏បានទូរស័ព្ទប្រាប់បងប្អូនដែលនៅផ្ទះទល់មុខគ្នាឲ្យជួយដេញចាប់ជនសង្ស័យបានម្នាក់ឈ្មោះ មហាម៉ាត់ ហ្វាអុីស ប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់សំណាញ់ និងដោយមានការសហការរវាងកម្លាំងផ្នែកយុត្តធម៌ កម្លាំងនគរបាលប៉ុស្តិ៍កំពង់សំណាញ់ និងនគរបាលប៉ុស្តិ៍តាខ្មៅ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះសេក វាសនា រួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍ ចំណែកជនសង្ស័យឈ្មោះ ប៉ោយ ប៉ែត បានរត់គេចខ្លួនបាត់។

ជនសង្ស័យទាំង០២នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕