ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា នៅគេហដ្ឋាននៃសព ភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:១២នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។ សពរបស់ឯកឧត្តមសន្តិបណ្ឌិត ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕