ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្តីពីការសាងសង់ស្ពានអាកាសស្ថិតនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានអាកាសផ្លូវ ២០០៤ ស្ថិតនៅផ្លូវប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ីនិងវិថីសម្តេច ចៅហ្វាវាំង គង់ សំអុល (ផ្លូវ២០០៤) គ្រោងនឹងស្ថាបនា ចាប់ពីខែមិនា ឆ្នាំ២០២២នេះហើយ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួនជាង១៤ខែ ពោលគឺ នឹងស្ថាបនាឱ្យបានរួចរាល់នៅមុនដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នេះបើតាមការបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈអភិបាល រាជធានីភ្នំពេញ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដម រដ្ឋលេខាធិការ នៃរដ្ឋលេខាធិដ្ឋានអាកាសចរស៊ីវិល តំណាងក្រុមហ៊ុនOCIC និងមានការចូលរួមពី មន្ត្រីជំនាញមួយចំនួនទៀត។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញពីគម្រោងនៃការសាងសង់ស្ពានអាកាសនេះថា គម្រោងស្ពានអាកាសផ្លូវ ២០០៤ នឹងចាប់ផ្ដើមនៅខែមិនា ឆ្នាំ២០២២ខាងមុខ ដោយប្រើប្រាស់រយៈពេលជាង១៤ខែ ហើយក្នុងរយៈពេលនេះរហូតដល់ខែមិនា ក្រុមជំនាញនឹងធ្វើការសិក្សាពីផ្លូវវាង នឹងធ្វើការសិក្សាពីផលប៉ះពាល់មួយចំនួន។ ស្ពាននេះនឹងធ្វើឡើងស្របពីលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី គ្របពីលើផ្លូវ២០០៤ ប្រសព្វជាមួយនឹងផ្លូវ២០១១។ គម្រោងស្ពានអាកាសផ្លូវ២០០៤នេះ មានប្រវែង ៥១៦.២ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រ ប្រវែងទទឹងតួស្ពាន ១៥.៨ម៉ែត្រ កំពស់តួស្ពាន ត្រង់ចំណុចកណ្ដាល ៥.០~៥.៥ម៉ែត្រ។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ស្ពានអាកាសថ្មីនេះ យើងនឹងធ្វើការងារទាំងថ្ងៃទាំងយប់ ដើម្បីឲ្យរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក មានន័យថា ធ្វើឱ្យបានរួចរាល់នៅ មុនដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការបង្កើតនូវគម្រោងទី១ នៃការកសាងស្ពានអាកាសនៅចំណុចខាងលើនេះឯកឧត្តម ឃួង ស្រេង នៅតែជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសហការជាមួយនឹងក្រុមហ៊ុន OCIC សិក្សាពីការសាងសង់ផ្លូវក្រោមដីនៅចំណុចស្ពាននេះបន្ថែមទៀតអោយបានលឿនផងដែរ ថាតើមានផលប៉ះពាល់ទំហំប៉ុណ្ណា ហើយគ្រោងនឹងចំណាយថវិកាប៉ុន្មាននៃផលប៉ះពាល់នេះ ដើម្បីយើងអាចដោះស្រាយស្ទះចរាចរណ៍នៅតំបន់នេះបានយូរអង្វែង។

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បន្តថាស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ក្រោយពីមានការដាក់ឲ្យដំណើរការនោះ លំហូរសារាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នឹងមកកកស្ទះចរាចរនៅផ្លូវលេខ២០០៤ក៏ដូចជាផ្លូវលេខ២០១១ កាន់តែខ្លាំង ដោយហេតុនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញធ្វើការសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅចំណុចស្តុបផ្សារស៊ិនជូរីផ្លាហ្សា(ផ្លូវ២០០៤ កែងផ្លូវសហពន្ធរូស៊ី)នេះ៕